24/04/2023
ប្រសិនបើអ្នកចូលលុយសាងវិហារ សាងកុដិដោយសារតែឃើញព្រះសង្ឃលោកដែលជាអ្នកផ្ដល់ធម្មទានដល់អ្នកស្រុកជួបការលំបាកមិនមានកន្លែងគង់នៅសមរម្យ ហើយអ្នកមានចិត្តចង់ចូលរួម នោះហើយជាអំពើបុណ្យ។ តែបើអ្នកចូលលុយដោយសារចិត្តចង់បានបុណ្យ ចង់បានមុខមាត់ ចង់ឡើងឋានសួគ៌វាជាអំពើបាប ព្រោះធ្វើដើម្បីខ្លួនឯង។
បច្ចុប្បន្នយើងឃើញវត្តអារាមខ្លះវិហារស្កឹមស្កៃ កុដិធំទូលាយ តែគ្មានព្រះសង្ឃគង់នៅ របងកំពស់បួនដប់ម៉ែត្រ ខ្លោងទ្វារមហិមា តើភាគច្រើននៃអ្នកដែលចូលុយធ្វើជាចិត្តផ្ដល់ឱ្យ ជាចិត្តចង់ឃើញអ្នកដទៃ និងសង្គមរីកចម្រើនឬជាចិត្តចង់បានទ្រព្យច្រើន និងចង់ឡើងឋានសួគ៌? សូមប្រិយមិត្តពិចារណាចុះ!
សាកស្រមៃមើលវត្តអារាមទូទាំងប្រទេសត្រូវចំណាយថវិកាអស់ប៉ុន្មានលើរឿងទាំងនោះ? ហើយវាកើតជាប្រយោជន៍អ្វីដល់មនុស្សលោក? វាមិនមែនជាការខុសឆ្គងទេក្នុងការប្រើប្រាស់ថវិកាក្នុងការកសាងទីអារាម តែមិនគួរធ្វើហួសពីតម្រូវការរបស់ព្រះសង្ឃឡើយ ហើយវាកាន់តែល្អប្រសិនបើវត្តអារាមអាចដើរតួរជាស្ថាប័នដែលផ្ដល់ធម្មទានដល់អ្នកស្រុក ជាជាងជាកន្លែងដែលអ្នកស្រុកមកដើម្បីចូលលុយដោយរំពឹងថាខ្លួននឹងបានបុណ្យ បានឡើងឋានសួគ៌។
ផ្ទុយទៅវិញបើថវិកាទាំងនោះបែរជាយកទៅសាងសាលារៀន សាងបណ្ណាល័យ បណ្តុះវិជ្ជាដល់កូនខ្មែរ និងសកម្មភាពសង្គមផ្សេងទៀតតើវាល្អយ៉ាងណា? សូមអ្នកដែលតាំងខ្លួនជាអ្នកធ្វើបុណ្យទាំងឡាយពិចារណាចុះ។
ព្រះពុទ្ធថា គ្មានទានអ្វីប្រសើរជាងធម្មទានឡើយ។ ធម្មទានគឺការពន្យល់ពីដំណើរធម្មជាតិ ឬដំណើរកម្ម។ សូមធ្វើបុណ្យដោយបញ្ញា។
#អាណាចក្រអ្នកអាន